Wednesday, September 11, 2013

១២​វិធី ស្បែក​ស តាម​បែប​ធម្ម​ជាតិ



បច្ចុប្បន្ន ក្នុង​ក្រុម​ស្ត្រី​ដែល​ស្រឡាញ់​សម្រស់ និយម​ប្រើ​ផលិត​ផល​ធ្វើ​ឱ្យ​ស្បែក​ស​ឡើង ទាំង​ផលិតផល​លាប ឬ​​ថ្នាំ​លេប ឬថ្នាំ​ចាក់ ដែល​ជួយ​កាល​អាច​ជួយ​ឱ្យ​ស្បែក​ស​បាន​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ​។ ដូច្នេះ ស្ត្រី​ដែល​ចង់​បាន​ស្បែក​ស ភ្លឺថ្លា គ្មាន​ភាព​ខ្មៅ​ស្រអាប់ អាច​អនុវត្ត​តាម​វិធី​ធម្មជាតិ​ដូច​ខាង​ក្រោម ដែល​មាន​សុវត្ថិភាព​ជាង​...
  ១. ការខាត់ស្បែក ៖
ជា​វិធី​ធ្វើ​​ឱ្យ​ស្បែក​ស ដែលកម្ចាត់​កោសិកា​ស្បែកងាប់ៗ ចេញពីស្បែក ដោយ​ការប្រើផលិតផលខាត់ស្បែក ដែល​មានលក់តាមទីផ្សារ ឬ អាចជា​សារធាតុ​ពីធម្មជាតិ ងាយៗ ប៉ុន្តែ ទទួល​បានលទ្ធផលល្អ ដូចជា ល្ហុង ទឹកដោះគោស្រស់ ទឹកអម្ពិលទុំ ទឹក​ឃ្មុំ យ៉ាអួ ក្រូចឆ្មារ ដោយអាចយកមួយណាក៏បាន មកលាយជាមួយអំបិលខាត់ស្បែក ដើម្បីឱ្យមានគ្រាប់- សម្រាប់ខាត់ស្បែក ឬអាចប្រើសាញននោង ក្នុងការជួយខាត់​ស្បែក​​ក៏បាន។ ការខាត់ស្បែកនេះ អាចជួយជម្រុះកោសិកាស្បែក ចាស់ៗ ឱ្យជ្រុះចេញ និងបង្ហាញស្បែកថ្មីដែលភ្លឺថ្លាជាងមុន។ គួរធ្វើ១សប្តាហ៍ ១-២ដង ដើម្បីជាការថែ​ទាំ​ស្បែក បន្តបន្ទាប់។
២. អេអេចអេ (AHA) ឬអាស៊ីដផ្លែឈើ ៖
មានលក់ទូទៅ នៅតាមគ្លីនិករក្សាសម្រស់ ឬឱសថស្ថាននានា ប្រើសម្រាប់លាបលើផ្ទៃមុខ ១សប្តាហ៍ ២ដង ដើម្បីជំរុញឱ្យកោសិកាស្បែកចាស់ៗ ជ្រុះចេញ។ ជាវិធីធ្វើឱ្យ ស្បែកស បង្ហាញស្បែកថ្មី ដែលសផូរផង់។ ប៉ុន្តែ ត្រូវប្រយ័ត្នចំពោះ ការចេញត្រូវកម្តៅថ្ងៃ ព្រោះស្បែករបស់អ្នកកាន់តែស្តើង និងឆាប់ប្រតិកម្មនឹងកម្តៅថ្ងៃជាងមុន។
៣. ទឹកដោះគោ ដើម្បីស្បែកស ៖
ប្រើទឹកដោះគោ លាបលើផ្ទៃមុខដោយផ្ទាល់ អាចប្រើសាញននោង ខាត់- ថ្នមៗ ទុកចោលប្រមាណ ១០-១៥នាទី ធ្វើ១ សប្តាហ៍ ២ដង។
៤. ផ្លែឈើរសជាតិជូរ ៖
ជួយក្នុងការខាត់ក្អែល ដែលជាវិធីធ្វើឱ្យស្បែកសតាមធម្មជាតិ ដោយប្រើផ្លែឈើរសជាតិជូរ ដូចជា ក្រូចឆ្មារ ម្នាស់ អម្ពិលទុំ ក្រូចពោធិ៍សាត់ ព្រោះមានភាពជាអាស៊ីដ ជួយ​សម្អាតស្បែកឱ្យសថ្លា និង កម្ចាត់កោសិកាដែលងាប់ៗ ឱ្យជ្រុះចេញ។ ប៉ុន្តែ បើអ្នក ជាមនុស្សស្បែកស្តើង មិនគួរប្រើក្រូចឆ្មារ ឬម្នាស់ ដែល មានភាពជាអាស៊ីដខ្ពស់ឡើយ គួរ​ប្រើ​ក្រូចពោធិ៍សាត់ ដែលមានគុណសម្បត្តិប្រហាក់ប្រហែលគ្នាក៏បាន។
៥. ក្រែមថែស្បែកឱ្យស ៖
គួរប្រើក្រែមបំប៉នដែល មានសារធាតុធ្វើឱ្យស នៅពេលល្ងាច និងលាបសាជាថ្មី នៅមុនចូលគេង ដើម្បីបង្កើនប្រសិទ្ធភាពរបស់ក្រែមបំប៉ន ជាបន្តបន្ទាប់។ ចំណែកឯពេលថ្ងៃ គួរ​លាបក្រែម ធ្វើឱ្យស្បែកស ស្តើងៗ រួចលាបក្រែមការពារកម្តៅថ្ងៃ ឬ អាចប្រើក្រែមធ្វើឱ្យស ដែលមានសារធាតុការពារកម្តៅថ្ងៃ ក៏បាន។
៦. ក្រែមការពារកម្តៅថ្ងៃ ៖ គួរមានដាក់ក្នុងកាបូប គ្រប់ពេលវេលា ដើម្បីត្រៀមប្រើក្នុងករណីដែលអ្នកប៉ះ នឹងកម្តៅថ្ងៃ ដោយមិនបានគ្រោងទុកជាមុន។ កុំភ្លេចថា ក្រែម​ការពារ​​កម្តៅថ្ងៃ ចាំបាច់ខ្លាំងណាស់ ពេលអ្នកទើប ខាត់ស្បែក ឬប្រើ ៅះៅ ជាមួយស្បែក ព្រោះស្បែក របស់អ្នក ងាយរងកម្តៅថ្ងៃណាស់ ទើបគួរលាបក្រែមការពារ​កម្តៅ​ថ្ងៃ ២០នាទី មុនចេញក្រៅ រាល់ពេល និង ត្រូវលាបជាថ្មី រាល់ ២-៣ម៉ោង។
៧. ទទួលទានអាហារឱ្យសមស្រប ៖ គួរមានបន្លែ ផ្លែឈើ ក្នុងអត្រាពាក់កណ្តាល ក្នុងមួយពេលអាហារ ព្រោះ បន្លែ ផ្លែឈើ ជាអាហារដែលងាយរំលាយ ជួយដល់ ការ​បន្ទោបង់ ហើយថែមទាំងមានសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ដែលធ្វើស្បែកស្អាត តឹងណែនផងដែរ ហើយ នៅពេលរាងកាយបន្ទោបង់តាមធម្មតា មុខមាត់ ស្បែក ក៏​នឹង​ស្រស់ភ្លឺថ្លា។
៨. ហាត់ប្រាណជាប្រចាំ ៖ ការហាត់ប្រាណ អាចជួយបញ្ចេញញើស ក្អែល និងភាពកខ្វក់ក្រោមស្បែក រួមទាំងសារធាតុពុល ដែលធ្វើស្បែកមើលទៅភ្លឺថ្លា ហើយ ការហាត់​ប្រាណ នៅជួយកាត់បន្ថយការស្ទះភាពកខ្វក់ ក្រោមស្បែក ធ្វើឱ្យគ្មានមុនទៀតផង។
៩. វីតាមីន C ដើម្បីស្បែកស្អាត ៖ វីតាមីនC មានគុណសម្បត្តិធ្វើឱ្យស្បែកស្អាតស្រស់ថ្លា។ ដូច្នេះ ទើបជា សារធាតុអាហារដែលរាងកាយគួរបានទទួលជានិច្ច មិនថា ពីការ​ទទួល​ទានបន្លែ ផ្លែឈើ ដូចជា ក្រូច ត្របែក ក្រូចឆ្មារ ឬបើមិនបានទទួលគ្រប់គ្រាន់ អ្នកក៏អាចទទួលបាន វីតាមីនជ បែបគ្រាប់ ដែលវាជួយធ្វើឱ្យស្បែកស និងមានចំណែក ជួយ​ក្នុងការបន្ទោបង់ផងដែរ។
១០. ការស្ទីមស្បែកមុខ ៖ ជាការសម្អាតភាពកខ្វក់ ដែលស្ទះក្នុងរន្ធរោម យ៉ាងជ្រៅ ជួយឱ្យស្បែកស្អាតភ្លឺថ្លា ស និងជួយកម្ចាត់ភាពកខ្វក់ ព្រមពេលជាមួយគ្នា។ វិធី អាចធ្វើ​ឱ្យ​ងាយៗ ដោយគ្រាន់តែដាំទឹកឱ្យពុះ រួចយកឆ្នាំង ដាំទឹកនោះ មកដាក់លើតុ រួចដាក់មុខ ឱ្យនៅលើចំហាយទឹក។ ពេលនោះ កម្តៅនឹងជួយបើករន្ធរោម ហើយចំហាយទឹក នឹងចូលទៅសម្អាតភាពកខ្វក់ក្នុងរន្ធរោម។
១១. គ្រឿងសម្អាង ៖ ប្រើម្សៅទ្រនាប់ និងម្សៅហុយ ដែលភ្លឺជាងពណ៌ស្បែកពិត ១លេខ។ បន្ទាប់ពី តែងមុខហើយ ត្រូវយកជក់បៀកម្សៅភ្លឺផ្លេក ដែលធ្វើពី គជ់ខ្យង ផាត់​បរិវេណ​ថ្ងាស និងទ្រនង់ថ្ពាល់ ក៏អាចជួយ ឱ្យផ្ទៃមុខភ្លឺស្រស់ថ្លាបានដែរ។
១២. រូបមន្តម៉ាសក៍មុខផ្សេងៗ ៖
ក្រៅពីការខាត់ស្បែកហើយ ស្ត្រីដែលចង់មានស្បែកមុខស្អាត គួរម៉ាសក៍ ស្បែកមុខ និងស្បែកកាយ ឱ្យបាន ១សប្តាហ៍ ២ដង ដោយរូបមន្តធម្មជាតិ ដូចខាងក្រោម ៖
-រូបមន្តល្ហុងទឹកដោះគោស្រស់ ៖ យកល្ហុងកិនម៉ដ្ឋ លាយជាមួយទឹកដោះគោស្រស់ កូរបញ្ចូលគ្នា។ បន្ទាប់មក យកទៅបំពោកលើផ្ទៃមុខ ឬស្បែកដងខ្លួន ទុកចោលប្រមាណ​ ២០នាទី រួចលាងចេញ។
-រូបមន្តយ៉ាអួ លាយទឹកក្រូចឆ្មារ ៖ យកយ៉ាអួ ផ្សំជាមួយទឹកក្រូចឆ្មារ រួចយកទៅលាបលើស្បែក ទុកចោល ប្រមាណ ២០នាទី អាចជួយបន្ថយការរមាស់ក្រហាយ ស្បែក ជួយ​កម្ចាត់​កោសិកាចាស់ បង្ហាញកោសិកាថ្មី ដែល ស្រស់ភ្លឺថ្លាជាងមុន។
-ប្រេងដូង ដើម្បីស្បែកទន់ ៖ ជារូបមន្តបុរាណ ដែល ប្រើបានលទ្ធផលល្អ ព្រោះប្រេងដូង អាចជួយធ្វើឱ្យស្បែក ទន់ មានសំណើម ទោះបីជាលើកដំបូង ដោយយកប្រេងដូង មក​លាបលើស្បែក នឹងមានអារម្មណ៍ថា ស្បែកទន់ភ្លាមៗ តែម្តង។
-រូបមន្តទឹកឃ្មុំ និងយ៉ាអួ ៖ យកភាគផ្សំទាំងពីរនេះ បំពោកលើផ្ទៃមុខ ឬស្បែកកាយ ប្រមាណ ៣០នាទី រួចលាងចេញ វាជួយធ្វើឱ្យស្បែកសទន់ភ្លឺថ្លា។
-រូបមន្តចេកអំបូង និងទឹកដោះគោស្រស់ ៖ យក មកកិនលាយគ្នា រួចយកទៅបំពោកស្បែក ជួយធ្វើឱ្យស្បែក សភ្លឺថ្លាបាន៕

No comments:

Post a Comment