Friday, September 13, 2013

ប្រវត្តិប្រាក់នៅកម្ពុជា

អ្នក​ទាំង​អស់​គ្នា​ប្រាកដជា​​ស្គាល់​ពី​​រូបិយវត្ថុ​កម្ពុជា​យើង​ បច្ចុប្បន្ន​នេះហើយ ។ សព្វ​ថ្ងៃ​នេះ​រូបិយវត្ថុ​ជាតិ​ដែល​​អាច​ធ្វើ​ចរាចរណ៍​លើ​ទី​ផ្សារ​បាន​មាន ប្រាក់ និង​កាស ។ បើ​និយាយ​ពី​ប្រាក់​ប្រាកដ​ជា​ស្គាល់​យ៉ាង​ច្បាស់​ពី​ប្រភេទ​ក្រដាស​ប្រាក់​ ហើយ ដូចនេះ​ខ្ញុំ​សូម​លើក​យក​ប្រភេទ​កាស​មួយ​ចំនួន​ដូច​ជា កាស ៥០០ រៀល, ២០០ រៀល, ១០០ រៀល, ៥០ រៀល ដែល​សុទ្ធសឹង​តែ​បោះ​ពុម្ព​នៅ​ឆ្នាំ ១៩៩៥ ទាំង​អស់ ។ មុន​នេះ​បន្តិច យើង​ប្រើប្រាស់​​ប្រាក់ សេន ដែល​មាន​ដូច​ជា ៥ សេន (បោះ​ពុម្ព​​ឆ្នាំ ១៩៨០) ។ យើង​ឃើញ​ថា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ការ​ប្រើប្រាស់​ប្រាក់​កាស​តែង​​មាន​ការ​ផ្លាស់​ប្ដូរ ។ តើ​ការ​កកើត​ប្រាក់​សម្រាប់​ចាយ​ដំបូង​បំផុត​នៅ​កម្ពុជា ជា​ប្រភេទ​ប្រាក់​អ្វី ? តើ​នរណា​ជា​អ្នក​បង្កើត​ប្រាក់​ដំបូង​បំផុត​នៅ​កម្ពុជា ?
បើ​តាម​ការ​សិក្សា និង​អាន​ឯកសារ​បន្ថែម បាន​ឱ្យ​ដឹង​ថា​ប្រាក់​ដំបូង​បំផុត​​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​មាន​ចរាចរណ៍​នៅ​កម្ពុជា​គឺ​ « ប្រាក់ស្លឹង » ដែល​បាន​បង្កើត​ឡើង​ក្នុង​រជ្ជកាល​ព្រះ​ស្រី​ជេដ្ឋាធិរាជរាមាធិបតី (ស្ដេច​កន) សតវត្ស​ទី ១៦ ។ ព្រះ​អង្គ​បាន​បង្កើត​ប្រាក់​នេះ​ឡើង​គឺ​ដើម្បី​បង្ករ​លក្ខណៈ​ងាយ​ស្រួល​ ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បរទេស ព្រោះ​កាល​ពី​មុន​រជ្ជកាល​របស់​ព្រះ​អង្គ​ការ​ដោះដូរ​ធ្វើ​ឡើង​ដោយ​ការ​ ប្ដូរ​អីវ៉ាន់​គ្នា ឬ​យក​មាស​មក​ប្ដូរ​យក​អីវ៉ាន់​តែ​ម្ដង ដែល​គេ​ពិបាក​ក្នុង​ការ​កំណត់​តម្លៃ​របស់​មាស ។ តាម​សៀវភៅ​ប្រវត្តិវិទ្យា​ថ្នាក់​ទី ១១ ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ក្នុង​រជ្ជកាល​របស់​ព្រះ​ស្រីជេដ្ឋាធិរាជរាមាធិបតី ព្រះ​អង្គ​បាន​ចរចារ​សន្តិភាព​ជាមួយ​ប្រទេស​ជិតខាង ហើយ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជា​ច្រើន​ជាមួយ​បរទេស ។ ប្រាក់​ស្លឹង​ជំនាន់​នោះ​មាន​ធ្វើ​ពី​មាស ប្រាក់ ឬ​ស្ពាន់ ដែល​មាន​ទម្ងន់ ១៥ ក្រាម វិជ្ឈមាត្រ​ប្រហែល ១៥ មីលីម៉ែត្រ ដែល​មាន​ត្រា​រូប​នាគ​នៅ​ពី​មុខ ។ បើ​តាម​ឯកសារ​ប្រវត្តិសាស្ត្រ នា​សម័យ​សង្គ្រាម​រវាង​ ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី និង អង្គចន្ទ, ព្រះ​អង្គ​ក៏​ប្រើ​ទង់​ជ័យកងទ័ព​រូប​នាគ​ក្បាល ៧ ដែរ ។ មក​ដល់​សម័យ​អាណានិគម​​និយម​បារាំង វិទ្យាស្ថាន​បោះ​ប្រាក់នៅ​ឥណ្ឌូចិនបារាំង ក៏​ប្រើ​រូប​នាគ​ក្បាល ៧ សម្រាប់​រចនា​ផ្ទៃ​ខាង​មុខធនបត្រ​ប្រភេទ ៥ រៀល ដែរ ។
លុះ​មក​ដល់​រជ្ជកាល​ព្រះ​បាទ​អង្គឌួង (១៨៤០-១៨៥៩) នា​ឆ្នាំ ១៨៧៦ ព្រះ​បាទ​អង្គឌួង​បាន​បោះ​ប្រាក់​បី​ប្រភេទ​គឺ ៖
  • ប្រាក់​ស្លឹង ៖ តាម​ឯកសារ​ ប្រាក់​ស្លឹង​នា​សម័យ​នេះ​មាន​អក្សរ និង​ត្រា​ដូច​ប្រាក់​ប្រាសាទ​ដែរ​គឺមាន​ត្រា​រូប​ហង្ស​ម្ខាង និង​ត្រា​រូប​ប្រាសាទ​ម្ខាង ។ ក្នុង​វចនានុក្រម​ខ្មែរ​មាន​កត់ត្រា​តែ​ប្រាក់​ស្លឹង​ក្នុង​រជ្ជកាល​ ព្រះបាទ​អង្គ​ឌួង តែ​​មិន​បាន​កត់​ត្រា​ពី​ប្រាក់​ស្លឹង​ដំបូង​បំផុត​នៅ​កម្ពុជា​ទេ គឺ​រជ្ជកាល​ព្រះ​ស្រីជេដ្ឋាធិរាជរាមាធិបតី ។ ឯ​ទម្ងន់​នៃ​ប្រាក់​នេះ​គឹ ១ ជី ដូច្នេះ ៤ ស្លឹង ស្មើ​នឹង ១ ប្រាសាទ(ប្រាសាទ​ទី​នេះ​គឺ​ជា​ប្រភេទ​ប្រាក់) ។
  • ប្រាក់​ហួង ៖ តាម​ឯកសារ ប្រាក់​ហួង​មាន​ត្រា​ និង អក្សរ​ដូច​ដូច​ប្រាក់​ប្រាសាទ​ដែរតែ​ទម្ងន់​នៃ​ប្រាក់​នេះ​គឺ ៥ ហ៊ុន ។
  • ប្រាក់​ប្រាសាទ ៖ នៅ​គែម​ជុំវិញ​មាន​ដាក់​កាលបរិច្ឆេទ នៃ​ការបោះ​ពុម្ពប្រាក់​ជា​បី​សករាជ​គឺ ពុទ្ធ​សករាជ ចុ​ល្ល​រាជ និង​មហាសករាជ នៅត្រង់​ផ្ទៃ​កណ្ដាល​មាន​រូប​ហង្ស​តំណាងឲ្យ​ឈ្មោះ​លោក សំអាង ហង្ស ដែល​ព្រះបាទ​អង្គឌួង​បាន​បញ្ជូន​ឲ្យ​សិក្សា​រៀន​ពី​វិជ្ជា​បោះ​ប្រាក់​នៅ​ ប្រទេស​ថៃ ។ ដូច្នេះ​បានជា​យើង​ឃើញ​រូប​ហង្ស​នេះ​ត្រូវបាន​យក​ជា​រូប​សញ្ញា​តំណាងឲ្យ « ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ » នា​រជ្ជកាល​ព្រះបាទ នរោត្ដម សីហនុ សម័យ​សាធារណរដ្ឋ​ខ្មែរ (​លន់ ណុល​) និង​សម័យ បច្ចុប្បន្ន​ផង​ដែរ ។​ ផ្ទៃ​ម្ខាង​ទៀត​នៃ​ប្រាក់​នេះ មាន​រូប​ប្រាសាទ​អង្គ​វត្ត ហើយ​នៅ​ពីក្រោម​រូបនេះ​មាន​អក្សរ « ក្រុង​កម​ពូ​ជា » ។ ប្រាក់​ប្រាសាទ ក្នុង​រជ្ជកាល​ព្រះបាទ​អង្គឌួង​មាន​ទំងន់ ៤ ជី និង​វិជ្ឈមាត្រ ៣៥ ម​.​ម ។
ដើម្បី​រម្លឹក​ជា​អនុស្សាវរីយ៍​ដល់​រូបិយវត្ថុ​ដំបូង​បំផុត​របស់​ខ្មែរ និង​រម្លឹក​ដល់​ប្រាក់ប្រាសាទ ធនាគារ​ជាតិ​នៃ​កម្ពុជា​ក៏​បាន​បោះរៀប​ចំ និង​ដាក់​លក់​ជូន​សាធារណជន ដែល​ប្រាក់​ស្លឹង​មាន​ពីរ​ប្រភេទ​គឺ ព័ណ៌មាស និង ពណ៌ប្រាក់ លក់​ក្នុង​តម្លៃ ៥៩ ដុល្លារសហរដ្ឋអាម៉េរិក និង ប្រាក់​ប្រាសាទ មាន​ព័ណ៌​ប្រាក់ លក់​ក្នុង​តម្លៃ ៥៩ ដុល្លារ​សហរដ្ឋអាម៉េរិក ។ ក្នុង​នោះ អ្វី​ដែល​ស្ទើរ​តែ​ពុំ​គួរ​ឱ្យ​ជឿ​នោះ គឺ​ប្រាក់​ស្លឹង​ក្នុង​រជ្ជកាល​ព្រះ​ស្រីជេដ្ឋាធិរាជរាមាធិបតី ត្រូវ​បាន​បោះពុម្ព​ឡើយ​វិញ​ដោយ​មាន​អក្សរ NAGA ដែល​មាន​ន័យ​ថា នាគ នៅ​លើ​កាស​បុរាណដែល​បាន​បោះពុម្ព​ឡើង​វិញ​នោះ ។

No comments:

Post a Comment