រឿងខ្លីពុំមែនជាកូនប្រលោមលោកតូចៗ និងពុំមែនជារឿងប្រលោមលោកវែងដែលយកមកសង្ខេបឬបង្រួញឲ្យខ្លីជាដាច់ខាត។
សូមបញ្ជាក់ថា យើងមិនត្រូវស្រង់យកវគ្គណាមួយពីក្នុងប្រលោមលោកខ្នាតវែងមកធ្វើ ជារឿងខ្លីទេ ទោះបីជាវគ្គនោះមានខ្លឹមសារ
យ៉ាងណាក្តីក៏វានៅខ្វះលក្ខណៈនៃវិធីសាស្រ្តនិពន្ឋរឿងខ្លី មិនខុសពីមនុស្សដែលមិនគ្រប់លក្ខណៈដូច្នោះដែរ។
តាមការសង្កេតចំណាំ គេអាចសរសេររឿងខ្លីពី១ទំព័រទៅដល់៧ទំព័រ។ បើវែងក៏មិនត្រូវសរសេរឲ្យលើសពី១៥ទំព័រឡើយ។
វិធីសាស្ត្រនៃការនិពន្ឋរឿងខ្លី
ការសរសេររឿងខ្លីនិងការសរសេរប្រលោមលោកវែងមានគោលការណ៍ជាគ្រឹះចំនួន៣ដូចគ្នាគឺ៖អត្ថរស អត្ថរូប និង អត្ថន័យឬខ្លឹមសារ
(សូមអានវិធីសាស្រ្តនៃការនិពន្ឋប្រលោមលោក)។
ស្តីពីការដំណាលរឿងនៅក្នុងប្រលោមលោកទាំងពីរខ្នាត អ្នកនិពន្ឋអាចប្រើមនុស្សទី១(ឬបុរសទី១)ថា«ខ្ញុំ» និងអាចប្រើមនុស្សទី៣ឬ
បុរសទី៣ថា«នាង អ្នកស្រី លោក លោកស្រី ឯកឧត្តម លោកជំទាវ …។ល។ ទៅតាមថានៈវណ្ណៈតួអង្គក្នុងសាច់រឿងដូចគ្នា
ប៉ុន្តែរបៀបគ្រោងរឿងប្រលោមលោកទាំងពីរប្រភេទ(វែងនិងខ្លី)មានលក្ខណៈខុសគ្នា។តើខុសត្រង់ណាខ្លះ ?
រឿងខ្លីខុសពីប្រលោមលោកខ្នាតវែងនៅត្រង់ការកម្រិត៖
- ចំនួនទំព័រ
- ចំនួនតួអង្គ
- ទង្វើនិងសកម្មភាពតួអង្គ
- បញ្ហានិងដំណោះស្រាយក្នុងរឿងមានតិចឬមានតែ១គត់
- របៀបពិព៌ណនាដែលយើងហៅថាការដំណាលរឿងក៏មិនត្រូវអូសបន្លាយ។
- សូមសរសេរសង្ខេបយកតែចំណុចសំខាន់ឲ្យអ្នកអានយល់រឿងច្បាស់តែប៉ុណ្ណោះល្អគ្រប់គ្រាន់ហើយ។
- ដំណើររឿងទាំងមូលទៀតសោតក៏ត្រូវកាត់ឲ្យខ្លី ប៉ុន្តែសូមគោរពគោលវិធីគ្រឹះទាំង ៣ ជា ដាច់ ខាត គឺ អត្ថរស អត្ថរូប និងអត្ថន័យ។
អាស្រ័យហេតុនេះខ្ញុំសូមគូស បញ្ជាក់ដែរបើអ្នកសរសេររឿងខ្លី អ្នកត្រូវគិតអំពីរបៀបសរសេររឿងខ្លី ដើម្បីសម្របទៅតាមវិធីសាស្រ្ត
នៃការនិពន្ឋរឿងខ្លី។
គន្លឹះសំខាន់ទាំង១០នៃវិធីសាស្ត្រនិពន្ឋរឿងខ្លី
ដើម្បីបញ្ចៀសការស្មុគស្មាញដែលអាចកើតមានឡើងនៅក្នុងនិពន្ឋរឿងខ្លី ខ្ញុំសូមជូនគន្លឹះសំខាន់ៗដូចតទៅនេះ៖
១-តួអង្គ ៖ ក្នុង រឿងខ្លី តួអង្គមានចំនួនតិចគឺពីម្នាក់ទៅ៣នាក់។អ្នកនិពន្ឋអាចបង្កើតតួ អង្គតែម្នាក់ក៏បានដែរ។ ក្នុងករណីតួអង្គតែម្នាក់គត់នោះសាច់រឿងបាត់បង់សម្ភស្សនិងមិនសូវ មានសភាពរស់រវើកទេ។ ជាពិសេស បើសាច់រឿងគ្មានពាក្យសន្ទនានោះអ្នកអានមិនសូវចង់
អាន។ បើយ៉ាងដូច្នេះ អ្នកអាចធ្វើឲ្យតួអង្គទោលនេះឆ្លើយឆ្លងជាមួយសម្លេងសម្បជញ្ញៈ ខ្លូនឯងឬអាចប្រើបច្ចេកទេសម៉្យាង គឺលើកយកវាចារបស់តួអង្គណាម្នាក់ដែលអ្នកនិពន្ឋមិនបានបង្កើត ឡើងឲ្យមានសកម្មភាពទេ។
ឧទាហរណ៍៖ រឿង«ខ្យល់សមុទ្រ»ក្នុងសៀវភៅរឿង«ស្រមោលស្នេហ៍»របស់ខ្ញុំ (សូមអានវិធីសាស្រ្តនៃការនិពន្ឋប្រលោមលោកទំព័រ៧៣៖ ខ្ញុំអាចសរសេរឲ្យឧត្តមនឹកឃើញវាចារបស់ម្តាយរបស់ខ្លួន។)
២- សកម្មភាពនិងទង្វើតួអង្គ ៖ ក្នុង រឿងខ្លីមិនដូចក្នុងប្រលោមលោកវែង អ្នកមិនត្រូវបង្កើតសកម្មភាពនិងទង្វើតួអង្គច្រើននាំឲ្យស្មុគស្មាញ និងលើសខ្នាតរឿងខ្លីឡើយ។
៣-បញ្ហារឿងនិងការដោះស្រាយរឿង ក្នុង រឿងខ្លីក៏មានតែ១ឬចំនួនតិចតួចបំផុត (សូមអានរឿង«បាច់ផ្កា» ក្នុងសៀវភៅរឿង«ម្តាយក្មេកទំនើប»របស់ខ្ញុំ។ យ៉ាងណាមិញ ការដោះស្រាយបញ្ហាក៏មានតែបន្តិចបន្តួចទៅតាមបញ្ហាដែលតិចនោះដែរ ។ បើអ្នកបង្កើតបញ្ហាច្រើនអ្នកមិនត្រឹមតែប្រាសចាកការនិពន្ឋរឿង ខ្លីទេ អ្នកត្រូវខាតចង់ពេលវេលាគិតនិងសរសេរឡើងវិញ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រាកដជាវិលក្បុងហើយជួបប្រទះនិងការពិបាកដោះស្រាយបញ្ហា ដែលអ្នកបានបង្កើតយ៉ាងច្រើនព្រោះតែមិនបានប្រមាណទៅតាមខ្នាតរឿង ខ្លីនិងចំនួនទំព័រ ជាពិសេសគឺពិបាកបញ្ចប់ឬបញ្ចប់មិនល្អដូចការគ្រោងទុក។
សិក្ខាកាមក្នុងការិយាល័យសមាគមអក្សរសិល្ប៍នូហាចនៅពុទ្ឋសានបណ្ធិត្យភ្នំពេញ(ធ្នូ២០១០) |
៤-ការរៀបឆាកឬវគ្គ៖ សូម គិតថាវគ្គនេះសម្រាប់តួអង្គណា ស្អី ពេលណានៅកន្លែងណា។ការសរសេរឆាកឬវគ្គនៅក្នុងរឿងខ្លីតម្រូវឲ្យ អ្នកសរសេរត្រួសៗ ខ្លីៗ តែច្បាស់ដើម្បីជួយអ្នកអានឲ្យងាយយល់ដំណើររឿងពីវគ្គមួយទៅ វគ្គមួយ។ ដូច្នេះអ្នកមិនត្រូវសរសេរវែងអន្លាយឆ្ងាយហួសពីការចង់ដឹងរបស់ អ្នកអានឡើយបណ្តាលឲ្យគេទ្រលាន់នោះទេ។
៥-ការពិព៌ណនាឬការដំណាលរឿង៖ ក៏ ដូចគ្នានិងការរៀបចំឆាកឬវគ្គដែរ ត្រូវតែសរសេរខ្លីកាន់តែច្បាស់កាន់តែល្អ។ សូមសម្រិតសម្រាំងពាក្យពេចន៍ឃ្លាប្រយោគនិងគុណភាពរឿង ដើម្បីបង្ករអារម្មណ៍អ្នកអានឲ្យញោចទៅតាមដំណើរសាច់រឿងទើប សិល្ប៍វិធីនិពន្ឋមានប្រសិទ្ឋភាព។ យ៉ាងណាមិញ នៅក្នុងសិល្ប៍វិធីនៃការនិពន្ឋរឿងខ្លី មធុរសភាសានិងគុណភាពអក្សរសិល្ប៍សុទ្ឋសឹងជាធនធាននិងជាមធ្យោបាយ អន្ទងទាក់ទាញចិត្តអ្នកអានឲ្យអានរឿងបន្តទៅមុខជានិច្ចនិងឲ្យ អ្នកអានស្លុងចូលក្នុងសាច់រឿងនិងចូលតួ។រឿងខ្លះ យើងអានចប់ហើយមិនចង់ឲ្យចប់។
៦-ភាពចាំបាច់ នៅ ក្នុងរឿងខ្លីគឺការរក្សាចម្ងល់និងអាថ៌កំបាំងដើម្បីធ្វើឲ្យអ្នក អានតាមដានចង់ដឹងជាហូរហែមួយចប់សាច់រឿងទាំងមូល។ អ្នកអាចបង្វែងការតាមដានរបស់អ្នកអានកុំឲ្យគេគិតឃើញដំណោះស្រាយ របស់អ្នកត្រូវនៅមុនការបញ្ចប់សាច់រឿង។ចំណុចត្រង់នេះសំខាន់ណាស់ ទោះបីជានៅក្នុងការសរសេររឿងខ្លីក៏ដូចជាការនិពន្ឋប្រលោមលោក វែងដែរ។
៧-ចំណងជើង៖ បើ អាចធ្វើបាន គួរតែរកចំណងជើងណាដែលអាចបង្កប់ល្បិចកល។ សូមកុំដាក់ចំណងជើងណាដែលសសៀរទៅក្បែរគំនួចបញ្ហាឲ្យសោះដើម្បីលាក់ អាថ៌កំបាំងទុកឲ្យអ្នកអានឆ្ងល់(suspens) រហូតដល់ចុងបញ្ចប់សាច់ រឿងតែម្តង(សូមអានរឿងបាច់ផ្កា)។
សិក្ខាកាមកំពុងអានរឿងបាច់ផ្កាក្នុងពេលសិក្សាក្នុងវគ្គបណ្ណុះបណ្តាលអ្នកនិពន្ឋនៅសមាគម អក្សរសិល្ប៍នូហាច |
៨-ចិត្តសាស្រ្តនិងទស្សនវិជ្ជាក្នុងរឿងខ្លី ៖ សូមលះបង់ការរៀបរាប់បែប ចិត្តសាស្ត្រ និងទស្សនវិជ្ជាព្រោះរឿងខ្លីត្រូវដើរត្រង់ភ្លឹងសំដៅឆ្ពោះទៅ រកគោលដៅតាមរយៈអំពើ និងទង្វើACTIONរបស់តួអង្គ។
៩- ឃ្លាប្រយោគ ៖ សូមសរសេរឃ្លាប្រយោគដំបូងឲ្យមានធ្នាក់ទាក់ ចិត្តអ្នកអាន។ ដូច្នេះ ទង្វើនិងសកម្មភាពរបស់តួអង្គត្រូវចាប់ផ្តើមប្រព្រឹត្តភ្លាម។ បន្ទាប់មក ការប្រព្រឹត្តអំពើរបស់តួអង្គ នៅក្នុងដំណើររឿងជាហូរហែ អាចគ្រប់គ្រងចិត្តសាស្រ្តតួអង្គ និងលាតត្រដាងបង្ហាញអ្នកអានឲ្យដឹងច្បាស់ដោយមិនចាំបាច់ឲ្យអ្នក និពន្ឋធ្វើអត្ថាធិប្បាយបែបចិត្តសាស្ត្រនិងទស្សនវិជ្ជាទេ។
ឧទាហរណ៍ ៖ រឿង«ព្រោះតែអ្នក»សូមអានទំព័រ៣៦ដល់៤៣ក្នុងសៀវភៅរឿង«ម្តាយក្មេក ទំនើប»។ ខ្ញុំមិនចាំបាច់សរសេរពិពណ៌នាបែបចិត្តសាស្រ្តទេទុកឲ្យការ ប្រព្រឹត្តរបស់តួអង្គបញ្ជាក់វិញ។ ការប្រើសិល្ប៍វិធីបែបនេះអាចធ្វើឲ្យអ្នកអានរំជួលចិត្តជាង និងមានប្រសិទ្ឋភាពលើអារម្មណ៍អ្នកអានជាងការពិពណ៌នារបស់ខ្ញុំត្រង់ ៗ។ នេះជាការពិសោធន៍មួយរបស់ខ្ញុំ។
១០ – ប្រលោមលោកខ្លី ឬរឿងខ្លី មិន មែនជារឿងដែលលាតត្រដាងមួយជីវិតមនុស្សកើតទេហើយក៏មិនមែនជារឿង ដែលមានរយៈកាលយូរដែរ។ រយៈពេលក្នុងរឿងខ្លីជារយៈពេលដែលកន្លងទៅយ៉ាងខ្លី ៖ បីបួនប្រាំនាទី ១ម៉ោង ១ថ្ងៃ ២ថ្ងៃ គឺកម្រមានរយៈពេលយូរណាស់។ លើកលែងតែសរសេរបែបរចនាបទ ឬស្ទីលflash backដែលផ្តេកផ្តួលនិងផ្អែកទៅរកអតីតកាល៕ចប់៕
No comments:
Post a Comment