បុរសវ័យ ៥២ឆ្នាំ ជនជាតិជប៉ុន ឈ្មោះKazuo Kaz Hirai ជាធនធានមនុស្សដ៏សំខាន់សម្រាប់Sony Corporation ដោយក្ដោបកាន់តួនាទីចំនួនពីរក្នុងពេលតែមួយគឺ ប្រធាន និងនាយកប្រតិបត្តិ (President-CEO)។
Hirai ចាប់បដិសន្ធិនៅឆ្នាំ ១៩៦០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅក្នុងក្រុមគ្រួសារមានជំនួញជាធនាគារ។ ឪពុករបស់Hirai តែងតែនាំកូនប្រុសដើរកម្សាន្តមិនថានៅក្នុងស្រុក និងបរទេស (សហរដ្ឋអាមេរិក ឬកាណាដា) នោះទេ។
ការសិក្សា៖ ដោយមានចំណង់ចំណូលចិត្តផ្នែកកម្សាន្ត (ហ្គេម) បន្ទាប់ពីបញ្ចប់វិទ្យាល័យ Hirai ក៏បានបន្តថ្នាក់ឧត្ដមសិក្សារបស់ខ្លួនលើជំនាញ «សិល្បៈសេរី» ពីសាកលវិទ្យាល័យក្នុងស្រុកមួយដែលមានឈ្មោះថា សាកលវិទ្យាល័យគ្រិស្ទានអន្តរជាតិ នៅខែសីហា ១៩៨៤។
ប្រវត្តិការងារ៖ បន្ទាប់ពីបញ្ចប់បរិញ្ញាបត្រនៅ ឆ្នាំ ១៩៨៤ រួចមក Hirai ក៏បានចូលបម្រើការងារផ្នែកតន្ត្រីកម្សាន្តរបស់សូនី ដោយទទួលបន្ទុកលើផ្នែក «តន្ត្រីអន្តរជាតិ»។ ដោយមើលឃើញពីសក្ដានុពលរបស់Hirai សូនីក៏បានតំឡើងតួនាទីរបស់ធនធានមនុស្សដ៏សំខាន់រូបនេះជា ប្រធានមន្ត្រីពាណិជ្ជកម្មអន្តរជាតិ លើផ្នែកកុំព្យូទ័រកម្សាន្តរបស់ជប៉ុនប្រចាំ (Sony Computer Entertainment)ទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក។
បោះជំហានចូលវីដេអូហ្គេម និងហ្គេមកុំព្យូទ័រ៖ ខែសីហា ១៩៩៥ ប្រធានមន្ត្រីពាណិជ្ជកម្មអន្តរជាតិ លើផ្នែកកុំព្យូទ័រកម្សាន្តរបស់ជប៉ុន ចាប់ផ្ដើមពង្រីកវិសាលភាពរបស់ខ្លួនពីខាងតន្ត្រី ចូលផ្នែកវីដូអូហ្គេម និងហ្គេមកុំព្យូទ័រ នៅសហរដ្ឋអាមេរិកដដែល (Sony Computer Entertainment America)។
Hirai ជាថ្នាក់ដឹកនាំដំបូងបង្អស់របស់សូនីដែលមានគំនិតច្នៃប្រឌិតបង្កើត ឲ្យមានPlayStation ដំបូងបង្អស់ឲ្យលេចចេញជារូបរាងឡើងនៅសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៩៧។
វត្តមានPlayStation 2៖ មកដល់ឆ្នាំ ២០០០ Kazuo ក៏បានបើកសម្ពោធPlayStation 2 ឲ្យចេញលក់ជាផ្លូវការបន្ទាប់ពីទទួលបានជោគជ័យលើវីដេអូហ្គេមកាល ពីឆ្នាំ ១៩៩៧មក ធ្វើឲ្យចំណូលរបស់សូនីកាន់តែរីកធំធាត់។ វីដេអូហ្គេមPlayStation 2 ទាំងនោះមាន Jak and Daxter, Ratchet & Clank, Sly Cooper និងហ្គេមជាស៊េរី SOCOM: U.S. Navy SEALs។
ស្នាក់ការធំរបស់សូនី នៅសានដឺហ្គូល រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក
តម្លើងតួនាទី៖ @: តំណែងអនុប្រធាន (Vice President)៖ Sony Computer Entertainment បានប្រកាសយ៉ាងឱឡារិកថា Hirai នឹងត្រូវតម្លើងតួនាទីពីប្រធាន មន្ត្រីពាណិជ្ជកម្មអន្តរជាតិ លើផ្នែកកុំព្យូទ័រកម្សាន្តរបស់ជប៉ុនមកជា អនុប្រធាន នៅថ្ងៃទី ០១ កក្កដា ២០០៦។
@: តំណែងប្រធាន-នាយកប្រតិបត្តិ៖ PlayStation 3 ចេញលក់មិនដល់ ២សប្ដាហ៍ផង Hirai ក៏បានឡើងពីឋានៈអនុប្រធាន មកជាប្រធានរបស់Sony Computer Entertainment ជំនួសឲ្យលោក Ken Kutaragi នៅថ្ងៃទី ៣០ ខែវិច្ឆិកា ២០០៦។ ក្នុងពេលទន្ទឹមគ្នានឹងអង្គុយលើកៅអីប្រធាន Hirai ក៏ត្រូវបានផ្ដល់តួនាទីមួយផ្សេងទៀតជានាយកប្រតិបត្តិ ឬហៅថាCEO។
@: តំណែងប្រធានក្រុមប្រឹក្សា៖ ជិតប្រាំឆ្នាំក្នុងតួនាទីជាCEO និងPresident លោកHirai ក៏បានសមាជិកក្រុមប្រឹក្សាបោះឆ្នោតតែងតាំងជាប្រធាន នៅថ្ងៃទី ០១ កញ្ញា ២០១១ ជំនួសកៅអីលោក Andrew House។ ក្រោយពីជាប់ឆ្នោត Hirai បានឡើងកាន់តំណែងជាផ្លូវការនៅថ្ងៃទី ២៥ មិថុនា ២០១២។
ដំណើរដ៏វែងឆ្ងាយរបស់ Sony
Sony Corporation ត្រូវបានគេស្គាល់ថាក្រុមហ៊ុន Sony គឺជាក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍របស់ប្រទេសជប៉ុន ដែលមានទីស្នាក់ការនៅ Minato ទីក្រុងតូក្យូ។ ក្រុមហ៊ុន Sony បានជាប់ចំណាត់ជាក្រុមហ៊ុនប្រមូលផ្ដុំបណ្ដាញផ្សព្វផ្សាយ (Media Conglomerate) ធំជាងគេលំដាប់ទីប្រាំក្នុងពិភពលោក ដែលមានទឹកប្រាក់សរុបប្រមាណជាង ៧៧ពាន់លានដុល្លារ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះក៏ជាក្រុមហ៊ុនដែលផលិតឧបករណ៍អេឡិចត្រូនិកឈានមុខគេមួយក្នុងពិភពលោក។Sony Group គឺជាផ្នែកសំខាន់មួយរបស់ក្រុមហ៊ុន Sony ដែលផ្ដោតសំខាន់លើផលិតផលឧបករណ៍អេឡិចត្រូនិក, ឧបករណ៍កម្សាន្តដូចជាឧបករណ៍សម្រាប់លេងហ្គេម (PlayStation), សេវាកម្មកម្សាន្ត (តន្ត្រីនិងរូបភាព), និងសេវាកម្មហិរញ្ញវត្ថុ (ធានារ៉ាប់រងនិងធនាគារ)។
ទីតាំងក្រុមហ៊ុន
ក្រុមហ៊ុន Sony មានទីស្នាក់ការនៅធំនៅ Minato ក្រុងតូក្យូ ប្រទេសជប៉ុន។
ក្រុមហ៊ុន Sony ស្ថិតនៅក្រោមការគ្រប់គ្រងដោយលោក Howard Stringer ជាប្រធាននិងជានាយកប្រតិបត្តិ, លោក Ryōji Chūbachi អនុប្រធាន, លោក Kazuo Hirai អនុប្រធានប្រតិបត្តិ និង Masaru Kato ជាប្រធានផ្នែកផលិតផល។
នៅឆ្នាំ២០១០ ក្រុមហ៊ុន Sony មានចំណូលប្រចាំឆ្នាំចំនួន ៧.២១៤ពាន់ពាន់លានយេន (ប្រហែល ៨៨.២០៥ពាន់លានដុល្លារ), ចំណូលប្រតិបត្តិការ ៣១.៨ពាន់លានយេន (ប្រហែល ៣៤២លានដុល្លារ), ចំណូលសុទ្ធ ៤០.៨ពាន់លានយេន (ប្រហែល ៤៣៧លានដុល្លារ), ទ្រព្យសមកម្មសរុប ១១.២២ពាន់ពាន់លានយេន (ប្រហែល ១៨៨.៦៩៤ពាន់លានដុល្លារ) និងមានបុគ្គលិកសរុបចំនួន ១៦៧ ៩០០នាក់។
ប្រវត្តិ
ក្រោយសង្គ្រាមលោកលើកទីពីរគឺនៅឆ្នាំ១៩៤៥ លោក Masaru Ibuka បាន ចាប់ផ្ដើមបើកអគារហាងជួសជុលវិទ្យុនៅក្នុងផ្ទះល្វែងដែលទទួល រងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរនៅ Nihonbashi ក្រុងតូក្យូ។ មួយឆ្នាំក្រោយមក លោកបានចូលរួមជាមួយមិត្តភក្ដិរបស់លោកម្នាក់ទៀតគឺ Akio Morita ហើយបានបង្កើតក្រុមហ៊ុនមួយឡើងឈ្មោះថា Tokyo Tsushin Kogyo K.K (ក្រុមហ៊ុន សាជីវកម្មវិស្វកម្មទូរគមនាគមន៍ក្រុងតូក្យូ)។ ក្រុមហ៊ុននេះជាក្រុមហ៊ុនផលិតឧបករណ៍ថតសំឡេងដំបូងបំផុត មានឈ្មោះថា Type-G។
នៅដើមទសវត្សរ៍ឆ្នាំ១៩៥០ ក្រុមហ៊ុននៅអាមេរិកភាគច្រើនខ្នះខ្នែងនាំគ្នាផលិតនិង ស្រាវជ្រាវត្រង់ស៊ីស្ទ័រសម្រាប់ផ្គត់ផ្គង់ដល់កម្មវិធីយោធាអាមេរិក ចំណែក លោក Ibuka និង Moritaចង់យកបច្ចេកវិទ្យាត្រង់ស៊ីស្ទ័រមកផ្គត់ផ្គង់ដល់វិស័យ ទូរគមនាគមន៍។ ពេលនោះហើយ ដែលក្រុមហ៊ុនអាមេរិកពីរធំៗគឺ Regency Electronics និង Texas Instruments បានបង្កើតក្រុមហ៊ុនផលិតត្រង់ស៊ីស្ទ័ររួមគ្នាជាមួយក្រុមហ៊ុនរបស់ លោក Ibuka ដែលក្រោយមកលោកបានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ក្លាយជាក្រុមហ៊ុនដែលទទួលបានជោគជ័យជាលើកដំបូងនៅលើទឹកដីប្រទេស ជប៉ុន។
នៅខែសីហា ឆ្នាំ១៩៥៥ ក្រុមហ៊ុន Tokyo Tsushin Kogyo បានដាក់លក់ Sony TR-55 ដែលជាផលិតផលវិទ្យុត្រង់ស៊ីស្ទ័រដំបូងបំផុតរបស់ប្រទេសជប៉ុន។ មកដល់ខែធ្នូ ឆ្នាំដដែល ក្រុមហ៊ុននេះបានបញ្ចេញវិទ្យុត្រង់ស៊ីស្ទ័រមួយទៀតដែលមានឈ្មោះថា Sony TR-72 ដែលជាផលិតផលទទួលបានការពេញនិយមយ៉ាងខ្លាំងទាំងនៅប្រទេសជប៉ុន និងនៅប្រទេសមួយចំនួនដូចជា កាណាដា អូស្ត្រាលី ហុឡង់ដ៍ និងអាល្លឺម៉ង់។
សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Arizona លោកបណ្ឌិត Michael Brian Schiffer បានលើកសរសើរក្រុមហ៊ុននេះថា “Sony មិនមែនជាក្រុមហ៊ុនផលិតវិទ្យុដំបូងនោះទេ ប៉ុន្តែផលិតផលរបស់ក្រុមហ៊ុននេះទទួលបានជោគជ័យបំផុត ជាក់ស្ដែងម៉ូដែល TR-63 ផលិតក្នុងឆ្នាំ១៩៥៧ បានវាយលុកយ៉ាងសម្បើមក្នុងទីផ្សារអាមេរិក ហើយជាពេលដែលក្រុមហ៊ុននេះប្រកាសចេញនូវឧស្សាហកម្មមីក្រូ អេឡិចត្រូនិកថ្មីក្នុងលោក”។
ដើមកំណើតឈ្មោះក្រុមហ៊ុន Sony
នៅពេលដែលក្រុមហ៊ុន Tokyo Tsushin Kogyo ចាប់ផ្ដើមស្វែងរកឈ្មោះថ្មីដើម្បីប្រើប្រាស់ជាផ្លូវការនៅលើ ទីផ្សារ ក្រុមហ៊ុននេះបានទៅជា TTK។ សម្រាប់ឈ្មោះនេះ ក្រុមហ៊ុននេះមិនបានប្រើប្រាស់ជាផ្លូវការទេ ពីព្រោះខ្លាចច្រឡំឈ្មោះក្រុមហ៊ុនអយស្ម័យយាន Tokyo Kyuko ដែលគេហៅកាត់ថា TKK។ ពេលនោះក្រុមហ៊ុនបានប្រើឈ្មោះថា “Totsuko” ជាភាសាជប៉ុន ប៉ុន្តែបន្ទាប់ពីស្ថាបនិក Marita បានធ្វើដំណើរទៅអាមេរិក សហស្ថាបនិករូបនេះបានសង្កេតឃើញថាប្រជាជនអាមេរិកមានបញ្ហាប្រកប ឈ្មោះ។ ក្រោយមក លោក Morita បានប្ដូរឈ្មោះក្រុមហ៊ុនថា Tokyo Teletech តែដោយឈ្មោះនេះត្រូវបានក្រុមហ៊ុនអាមេរិកមួយប្រើហើយនោះ ក៏ត្រូវបានគេប្ដូរឈ្មោះថា Sony។
ពាក្យថា Sony ជាធាតុផ្សំនៃពាក្យពីរសំខាន់ៗគឺពាក្យទីមួយ Sonus (ភាសាឡាតាំង) ជាដើមកំណើតនៃពាក្យថាសំឡេង (Sonic និង Sound) និងពាក្យមួយទៀតគឺ Sonny មានន័យថាកូនប្រុស (Boy)។ ឈ្មោះក្រុមហ៊ុនថា Sony នេះត្រូវបានគេប្រើប្រាស់ជាផ្លូវការនៅខែ មករា ឆ្នាំ១៩៥៨។
ការដាក់ចេញផលិតផល
នៅដើមឆ្នាំ១៩៨០ ក្រុមហ៊ុននេះ ចាប់ផ្ដើមប្រឡូកចូលវិស័យបច្ចេកវិទ្យាថតសំឡេង និងចាក់សំឡេង តែហាក់បីដូចជាចាញ់ប្រៀបគូប្រជែង VHS។ នៅឆ្នាំ១៩៦៨ ក្រុមហ៊ុននេះចាប់ផ្ដើមបញ្ចេញផលិតផលអេក្រង់ទូរទស្សន៍ប្រើប្រាស់ បំពង់កាំរស្មីកាតូដ និងកញ្ចក់កុំព្យូទ័រ ដែលប្រើម៉ាក Trinitron។ កញ្ចក់ប្រភេទនេះនៅមានប្រើប្រាស់រហូតដល់សព្វថ្ងៃនៅបណ្ដាប្រទេស មួយចំនួន ដូចជា ប៉ាគីស្ថាន បង់ក្លាដេស និងប្រទេសចិន។
មកដល់ឆ្នាំ១៩៧៥ ក្រុមហ៊ុននេះបានបញ្ចេញ Videocassette Recording ម៉ាក Betacam និងនៅឆ្នាំ១៩៧៩ ក្រុមហ៊ុននេះបានបញ្ចេញឧបករណ៍ចាក់ចម្រៀងដែលអាចចល័តបានដំបូង បំផុតម៉ូដែល Walkman។ ចាប់ពីឆ្នាំ១៩៨០មក ក្រុមហ៊ុននេះចាប់ផ្ដើមផលិតនិងបញ្ចេញផលិតផលជាច្រើនប្រភេទទៀត ដូចជា Compact Disc (CD), Floppy Disk, ប្រព័ន្ធកុំព្យូទ័រ និងម៉ាស៊ីនចាក់វីដេអូនិងឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងការថត និងចាក់ចម្រៀងជាច្រើនទៀត។
ឧបករណ៍លេងហ្គេម
ចាប់ពីឆ្នាំ១៩៩៤ ក្រុមហ៊ុន Sony បានបញ្ចេញឧបករណ៍សម្រាប់លេងហ្គេមប្រភេទ PlayStation ដើម្បីប្រកួតប្រជែងជាមួយ Consoles ហ្គេមផ្សេងទៀត។ ឧបករណ៍លេងហ្គេមនេះទទួលបានជោគជ័យជាងគេបំផុត (PlayStation 2) ដោយគិតត្រឹមឆ្នាំ២០១១នេះ លក់បានជាង១៥០លានគ្រឿង។ PlayStation មានបួនជំនាន់គឺនៅ PlayStation ទីមួយ (១៩៩៤), PlayStation ទីពីរ (២០០០), PlayStation ទីបី (២០០៦) និង PlayStation Portable (PSP) បញ្ចេញនៅឆ្នាំ២០០៩។
Sony Ericsson Mobile Communications AB ជាក្រុមហ៊ុនបង្កើតរួមគ្នារវាងក្រុមហ៊ុន Sony Corporation និងក្រុមហ៊ុនទូរគមនាគមន៍របស់ប្រទេសស៊ុយអែត Ericsson ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០១។ Sony Ericsson មានទីស្នាក់ការធំនៅ Hammersmith ក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
No comments:
Post a Comment