ទីស្នាក់ការ
HTC មានការិយាល័យធំនៅ Taoyuan County តៃវ៉ាន់ និងមានទីស្នាក់ការនៅតាមទ្វីបនីមួយៗដូចជា ទីស្នាក់ការប្រចាំអឺរ៉ុបនៅចក្រភពអង់គ្លេស, អាមេរិកខាងជើងនៅសហរដ្ឋអាមេរិក, អាមេរិកឡាទីននៅប្រេស៊ីល, មជ្ឈិមបូព៌ាប្រចាំនៅប្រទេសអារ៉ាប់រួម និងការិយាល័យមួយទៀតប្រចាំនៅអាស៊ីគឺនៅប្រទេសជប៉ុន។
HTCត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៩៧ ដោយអ្នកស្រី Cher Wang និងលោក Peter Chou។ ក្រុមហ៊ុននេះកាលពីដំបូងឡើយផលិតកុំព្យូទ័រ រហូតដល់ឆ្នាំ១៩៩៨ចាប់ផ្ដើមងាកមកផលិតទូរស័ព្ទវិញម្ដង។ ក្រុមហ៊ុនផលិតទូរស័ព្ទធំបំផុតរបស់តៃវ៉ាន់មួយនេះ បានជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុន “ផលិតដំបូង” ជាច្រើន។ តើផលិតដំបូងអ្វីខ្លះទៅ?
កាលពីឆ្នាំ២០០២ HTC បានផលិត Smartphone ដំណើរការដោយ OS Microsoft ដំបូងបំផុត ហើយនៅឆ្នាំ២០០៥ក៏ជាក្រុមហ៊ុនដែលផលិតទូរស័ព្ទម៉ូដែល3Gដំណើរ ការណ៍ដោយ OS Microsoft ដំបូងបំផុតដែរ។ នៅឆ្នាំ២០០០ ក្រុមហ៊ុនមួយនេះក៏បានជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនមួយក្នុង ចំណោមក្រុមហ៊ុនជាច្រើនផលិតទូរស័ព្ទម៉ូដែលវៃឆ្លាតប្រភេទ Touch Screen មុន គេបំផុតដែរ។ មិនត្រឹមតែប៉ុណ្ណោះ មកដល់ឆ្នាំ២០០៨ ក្រុមហ៊ុននេះក៏ត្រូវបានគេទទួលស្គាល់ផងដែរថា ជាក្រុមហ៊ុនដាក់ឲ្យដំណើរការណ៍ប្រព័ន្ធប្រតិបត្តិការ Android មុនគេទៀតផង។
ចាប់ពីឆ្នាំ២០០៨មក HTC Smartphone ចាប់ផ្ដើមពង្រីកខ្លួនយ៉ាងជ្រៅចូលក្នុងទីផ្សារ ពិភពលោក ជាពិសេសទីផ្សារអាមេរិក អូស្ត្រាលី អាស៊ី និងអឺរ៉ុប។ T-Mobile G1 គឺជាផលិតផលរបស់ HTC ដំបូងបំផុត ដែលបានវាយលុកចូលទៅក្នុងទីផ្សារទាំងនោះ។ មកដល់ឆ្នាំ២០០៩ HTC បានផលិត Interface ប្រភេទ HTC Sense ដាក់ឲ្យដំណើរការណ៍លើ Hero HTC។
កាលពីឆ្នាំ២០១០ ក្រុមហ៊ុន Apple Inc បានធ្វើបណ្ដឹងទៅគណៈកម្មការពាណិជ្ជកម្មអន្តរជាតិប្រចាំនៅអាមេរិក ដោយចោទប្រកាន់ HTC ថាបានរំលោភទៅលើប៉ាតង់ចំនួន២០របស់ iPhone ដែលទាក់ទងនឹង Interface និងគ្រឿងរឹង។ ការចោទប្រកាន់នេះ ត្រូវបាន HTC ច្រានចោល ហើយអះអាងថា នេះគ្រាន់តែជាគំនិតច្នៃប្រឌិតថ្មីលើផលិតផលរបស់ខ្លួនតែ ប៉ុណ្ណោះ មិនមែនយកតាម iPhone ឡើយ។
ការពង្រីកទីផ្សារ
មកដល់ខែឧសភា ឆ្នាំ២០១០ HTC បានដាក់លក់ម៉ូដែល HTC Evo 4G ដែលជាទូរស័ព្ទម៉ូដែល4G (Fourth Generation) ដំបូងលក់ក្នុងទឹកដីអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ កាលពីឆ្នាំទៅមិញនេះ HTC បានប្រកាសប្រតិបត្តិការក្នុងទឹកដីចិនដីគោកដំបូង ដោយប្រើម៉ាករបស់ខ្លួនដដែល តែសហការជាមួយក្រុមហ៊ុន China Mobile។
ក្នុងកំឡុងពេលដដែលនេះ ក្រុមហ៊ុន HTC បានឲ្យដឹងផងដែរថា ផលិតផលទូរស័ព្ទម៉ូដែលរបស់ខ្លួនលក់បានជិត២៥លានគ្រឿង គឺមានកំណើនឡើង១១១ភាគរយបើធៀបឆ្នាំ២០០៩។ អ្វីដែលកាន់តែអស្ចារ្យបំផុតនោះគឺ កាលពីខែកុម្ភៈឆ្នាំ២០១១ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ទូរស័ព្ទពិភពលោក (MWC) ដែលធ្វើឡើងនៅប្រទេសអេស្ប៉ាញ HTC បានទទួលពានរង្វាន់ (Device Manufacturer of the Year)។
មិនត្រឹមប៉ុណ្ណេះទេ កាលពីខែកុម្ភៈឆ្នាំ២០១០ Fast Company បានដាក់ចំណាត់ថ្នាក់ក្រុមហ៊ុនមួយនេះលេខ31 ក្នុងចំណោមក្រុមហ៊ុនដែលមានគំនិតឆ្នៃប្រឌិតខ្ពស់បំផុត។ ចំណែក Bloomberg បានចេញរបាយការណ៍ផងដែរថា HTC កំពុងសិក្សាថា តើគួរបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនដើម្បីប្រកួតប្រជែង ជាមួយ iOS របស់ Apple, Android របស់ Google និង Windows Phone 7របស់ Microsoft៕
រចនាសម្ព័ន្ធគ្រប់គ្រង
HTC ស្ថិតក្រោមការគ្រប់គ្រងដោយប្រធានធំអ្នកស្រី Cher Wang ដែលជាកូនស្រី របស់មហាសេដ្ឋីថាមពលគីមី Wang Yung-ching, ប្រធាននិងនាយកប្រតិបត្តិ Peter Chou, នាយកក្រុមប្រឹក្សានិងប្រធានមូលនិធិ HTC លោក HT Cho, និងប្រធានហិរញ្ញវត្ថុលោក Hui-Ming Cheng។
Peter Chou (ឆ្វេង) Cher Wang (កណ្ដាល)
បុគ្គលិក និងប្រាក់ចំណូលបច្ចុប្បន្ន HTC មានបុគ្គលិកសរុបចំនួន ៥៥៦៧នាក់ ចំណូលសរុបគិតត្រឹមឆ្នាំ២០១០មាន៩.៥៧ពាន់លានដុល្លារ, ទ្រព្យសកម្មសរុប៦៥៣៥លានដុល្លារ និងចំណូលសុទ្ធប្រមាណ១៥៤៤លានដុល្លារអាមេរិក។
កាលពីឆ្នាំ២០០៥ ចំណូលដែលទទួលបានពីការលក់ទូរស័ព្ទម៉ូដែលវៃឆ្លាត មានចំនួន២.២ពាន់លានដុល្លារ កើនឡើងជាង១០០ភាគរយបើធៀបទៅឆ្នាំ២០០៤។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនដ៏ធំរបស់តៃវ៉ាន់មួយនេះត្រូវបានទស្សនាវដ្ដី Business Week ដាក់ចំណាត់ថ្នាក់ថាជាក្រុមហ៊ុនដែលមានចំណូលកើនឡើងលឿនជាងគេ បំផុតក្នុងលោក៕
No comments:
Post a Comment