Friday, September 13, 2013

ប្រវត្តិ​​និង​បេសកកម្ម​​ភ្នាក់​ងារ​​​ NASA

រដ្ឋបាល​​​អវកាស​និង​លំហ​ជាតិ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ភ្នាក់​ងារ​ NASA (ណា​សា​) គឺ​ជា​ភ្នាក់​ងារ​ដ៏​សំខាន់​មួយ​របស់​រដ្ឋាភិបាល​អាមេរិក​ ​​មាន​តួនាទី​​​​​រៀប​ចំ​កម្មវិធី​ស្រាវជ្រាវ​នៅ​​​អវកាស​ ភព​​ និង​លំហ​។
បុគ្គលិក​​និង​ថវិកា​ចំណាយ​ប្រចាំ​ឆ្នាំ
ភ្នាក់​ងារ​ណាសា​មាន​បុគ្គលិក​សរុប​ប្រមាណ​​១៨​៨០០​នាក់​ ថវិកាចំណាយ​​ប្រចាំ​ឆ្នាំ​១៧.៦​ពាន់​លាន​ដុល្លារ។
ប្រវត្តិ
បន្ទាប់​ពី​កម្មវិធី​អវកាស​​​របស់​សហភាព​សូវៀត​​ត្រូវ​​បាន​​ប្រកាស​ដាក់​​ បង្ហោះ​យាន​​ទៅ​ក្នុង​អវកាស​លើក​ដំបូង​បំផុត​​ដែល​មាន​ឈ្មោះ​ថា​ Sputnik​ទី​មួយ​ នៅ​ថ្ងៃ​ទី​​៤​ ខែ​តុលា​ ឆ្នាំ​១៩៥៧​មក ​សហរដ្ឋ​អាមេរិក​បានចាប់​ផ្ដើម​​​​បង្កើត​​កម្មវិធី​អវកាស​នេះ​ដែរ​ ក៏​ព្រោះ​ថា ​ការ​បង្ហោះ​​យាន​អវកាស​​ដំបូង​របស់​សហភាព​សូវៀត​នេះ​ (ឈ្មោះ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់) ​ត្រូវ​បាន​សភា​អាមេរិក​​គិត​ថា​អាច​នឹង​គំរាម​កំហែង​ដល់​សន្តិសុខ​និង​ សន្តិភាព​​របស់​ប្រទេស​ជាតិ​។

Sputnik ទី​មួយ​របស់​រុស្សី
មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ​ ​ការ​បង្ហោះ​​នេះ​ ​វា​អាច​​ធ្វើ​​ឲ្យ​បាត់​បង់​ដល់​​ប្រជាប្រិយភាព​​​នៃ​មហាអំណាច​ បច្ចេកវិទ្យា​​​ឈាន​មុខ​គេ​មួយ​នេះ។ កំឡុង​ពេល​នេះ​ហើយ​ ដែល​កើត​មាន​វិបត្តិ​អវកាស​​ ​មាន​ឈ្មោះ​ថា​ វិបត្តិ Sputnik
ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ​ ប្រធានាធិបតី​ Dwight D. Eisenhower និង​ទីប្រឹក្សា​​របស់​គាត់​​បាន​ដាក់​ចេញ​​​វិធាន​ការ​​មួយ​ចំនួន​ជា​ បន្ទាន់​​​ ក្នុង​នោះ​​ក៏​មាន​កិច្ច​ព្រមព្រៀង​មួយ​​​ដែល​និយាយ​ពី​ការ​​បង្កើត​ ភ្នាក់ងារ​សហព័ន្ធ​ថ្មី​​មួយ​​​ សម្រាប់​​​សិក្សា​ស្រាវជ្រាវ​​លើ​សកម្មភាព​មិន​មែន​យោធា​​ក្នុង​អវកាស​ តែ​បន្ទាប់​ពី​នោះ​ ភ្នាក់ងារ​ស្រាវជ្រាវ​គម្រោង​ជាន់​ខ្ពស់​ (ARPA) ត្រូវ​បាន​បង្កើត​ឡើង​ ​ដើម្បី​អភិវឌ្ឍ​​និង​បង្កើត​​​បច្ចេកវិទ្យា​​សម្រាប់​កម្មវិធី​យោធា​។
គណៈកម្មាធិការ​​ប្រឹក្សា​ជាតិ​សម្រាប់​អវកាស​ (NACA)
ចាប់​ពី​ឆ្នាំ​១៩៥៧​ ដល់​ឆ្នាំ​១៩៥៨​ គណៈកម្មាធិការ​ប្រឹក្សា​ជាតិ​សម្រាប់​អវកាស​ (NACA) ចាប់ ​ផ្ដើម​សិក្សា​ពី​​​​​ការ​បង្កើត​ភ្នាក់ងារ​អវកាស​​មិន​មែន​សកម្មភាព​យោធា​។ ក្នុង​ដំណាក់​កាល​នោះ​ ​NACA ​មាន​នាទី​សិក្សា​ពី​តួនាទី​របស់​ភ្នាក់​ងារ​ថ្មី​ដែល​ត្រូវ​បង្កើត​ និង​​បាន​ដាក់​ឲ្យ​គណៈកម្មាធិការ​ផ្សេង​​ទៀត​​​ជួយ​ជ្រោមជ្រែង​ដល់​ការ​​​ បង្កើត​គំរូ​និង​ទស្សនាទាន​ផ្សេង​​ៗ​ជុំ​វិញ​បញ្ហា​បង្កើត​ភ្នាក់​ងារ​នេះ។
នៅ​ថ្ងៃ​ទី​១២​ ខែ​មករា​ ឆ្នាំ​១៩៥៨​​ NACA បាន​រៀប​ចំ​គណៈកម្មាធិការ​ពិសេស​សិក្សា​ពី​បច្ចេកវិទ្យា​អវកាស ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ Guyford Stever។ គណៈកម្មាធិការ​ពិសេស​​របស់​លោក​ Stever ទទួល​បាន​ការ​ប្រឹក្សា​​លើ​កម្មវិធី​ពិសេស​របស់​ភ្នាក់ងារ​ប្រឆាំង​ម៉ីស៊ីល។
មក​ដល់​ថ្ងៃ​ទី​១៤​ ខែ​មករា​ ឆ្នាំ​១៩៥៨​ NACA បាន​បង្កើត​​​កម្មវិធី​ជាតិ​សម្រាប់​ស្រាវជ្រាវ​បច្ចេកវិទ្យា​​អវកាស ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹង​នាំ​របស់​លោក​នាយក​ Hugh Dryden។
នៅ​ថ្ងៃ​​ទី​៣១​ ខែ​មករា​ ឆ្នាំ​​១៩៥៨ ផ្កាយរណប​ទី​មួយ​ដែល​មាន​ឈ្មោះ​ថា​ Explorer 1 ត្រូវ​បាន​បង្ហោះ​ជា​ផ្លូវ​ការ។
Explorer 1
នៅ​ថ្ងៃ​ទី​៥​ មីនា​ឆ្នាំ​ដដែល​ លោក​ប្រធាន​ James Killian បាន​សរសេរ​​អនុសារណៈ​មួយ​ទៅ​កាន់​ប្រធានាធិបតី​ Eisenhower ដែល​និយាយ​ពី​ការ​បង្កើត​ កម្មវិធី​អង្គការ​អវកាស​ស៊ីវិល ។ កម្មវិធី​នេះ​មាន​គោលដៅ​ជំរុញ​​​ឲ្យ​​បង្កើត​កម្មវិធី​អវកាស​នេះ​ឲ្យ​បាន​ជា​ផ្លូវ​ការ​​ ក្នុង​ពេល​ឆាប់​ៗ​។
មក​ដល់​ខែ​មេសា ឆ្នាំ​១៩៥៨​ ប្រធានាធិបតី Eisenhower បាន​ផ្ដល់​ដំណឹង​នេះ​ដល់​សភា​អាមេរិក​ទាំង​មូល​ ហើយ​បាន​​ធ្វើ​​សេចក្ដី​ព្រាងច្បាប់​ស្ដី​ពី​ការ​បង្កើត​ភ្នាក់​ងារ​នេះ​។ សេចក្ដី​ព្រាង​ច្បាប់​នេះ​ ត្រូវ​បាន​សភា​អនុម័ត​ជា​ផ្លូវ​ការ​ ក្រោម​ច្បាប់​​អវកាស​និង​លំហ​ជាតិ
ខែ​កក្កដា​ ឆ្នាំ​១៩៥៨​ ប្រធានាធិបតី​​ Eisenhower បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​នេះ​ ហើយ​បាន​ប្រកាស​បង្កើត​ភ្នាក់​ងារ​ណាសា​ជា​ផ្លូវ​ការ ។ ​​​​​​​​​​​ ណាសា​បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​ជា​ផ្លូវ​ការ​​​នៅ​ខែ​តុលា​ឆ្នាំ​១៩៥៨​ ដោយ​មាន​បុគ្គលិក​ប្រមាណ​​៨​ពាន់​នាក់ ​ថវិកា​ប្រចាំ​ឆ្នាំ​១០០​លាន​ដុល្លារ​ មន្ទី​ពិសោធន៍​ចំនួន​បី (Langley Aeronautical, Ames Aeronautical និង​ Lewis Flight Propulsion) និង​ឧបករណ៍​សាកល្បង​ធំ​ចំនួន​ពីរ​​ផ្សេង​ទៀត​។
ភ្នាក់​ងារ​ណាសា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​ស្រាវជ្រាវ​ ​ពី​លំហ​ និង​នៅ​អវកាស​ ជា​ពិសេស​ក្នុង​បេសកកម្ម​​ចុះ​ចត​យាន​អាប៉ូឡូ​នៅ​​​ឋាន​ព្រះចន្ទ ការ​បង្កើត​ស្ថានីយ​​លំហ​ Skylab និង​ស្ថានីយ​លំហ​ Space Shuttle។
កម្មវិធី​វិទ្យា​សាស្ត្រ​របស់​​ភ្នាក់ងារ​នេះ​ គឺ​ផ្ដោត​សំខាន់​ទៅ​​​ការ​ស្វែង​យល់​ពី​​ភពផែន​ដី​តាម​រយៈ ​ប្រព័ន្ធ​អង្កេត​ផែន​ដី​ (EOS), ការ​ស្រាវជ្រាវ​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ (Solar System) ដោយ​ប្រើ​បេសកកម្ម​មនុស្ស​យន្ត​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ New Horizon និង​ការ​ស្រាវជ្រាវ​ពី​តារា​រូប​វេជ្ជសាស្ត្រ​​​ ដូច​ជា​​ Big Bag តាម​រយៈ​កម្មវិធី​​អង្កេត​ឈ្មោះ​ថា​ Great Observatories
ភ្នាក់​ងារ​ស្រាវជ្រាវ​​អវកាស​​ដ៏​ធំ​​មួយ​នេះ​ ​មិន​មែន​ប្រតិបត្តិការ​ ​ដាច់​តែ​ឯង​នោះ​ទេ​ តែ​ភ្នាក់​ងារ​​នេះ​ បាន​នឹង​កំពុង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ស្ថាប័ន​ជាតិ​ និង​អន្តរជាតិ​ផ្សេង​ទៀត​​ដូច​ជា​ ផ្កាយរណប​ត្រួត​ពិនិត្យ​​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជា​ដើម​។
បេសកកម្ម​និង​សមិទ្ធផល
គម្រោង​ Mercury

គម្រោង​​នេះ​ចាប់​ផ្ដើម​ដំបូង​នៅ​ឆ្នាំ​១៩៥៨​ ធ្វើ​ការ​ស្រាវជ្រាវ​​​ ពី​​​មនុស្ស​យើង​អាច​រស់​នៅ​​ក្នុង​លំហ​អាកាស​បាន​ឬ​យ៉ាង​ណា។ គម្រោង​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​​ពី​កង​ទ័ព​អាមេរិក​ ទាំង​ជើង​គោក​ ជើង​ទឹក​ និង​ជើង​អាកាស។

គម្រោង​ Gemini
ជា​គម្រោង​ផ្ដោត​សំខាន់​​លើ​ការ​អនុវត្ត​ បង្កើត​ រៀប​ចំ​បច្ចេកទេស​ សម្រាប់​បេសកកម្ម​ទៅ​ស្ថាន​ព្រះចន្ទ។

កម្មវិធី​អាប៉ូឡូ
កម្មវិធី​អាប៉ូឡូ​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​តម្លៃ​​ និង​សមិទ្ធផល​ដ៏​ពិសេស​វិសាល​​ អំពី​ការ​រុក​រក​នៅ​ឋាន​ព្រះចន្ទ។ យាន​នេះ​បាន​ចុះ​ចត​នៅ​ស្ថាន​ព្រះចន្ទ​​បាន​ជោគ​ជ័យ​​នៅ​ថ្ងៃ​ទី​២០​ កក្កដា​ ឆ្នាំ​១៩៦៩​ ដែល​ដឹកនាំ​បេសកកម្ម​នេះ​​ដោយ​លោក​ Neil Armstrong និងBuzz Aldrin។
ASTP
ជា​គម្រោង​សាកល្បង​យាន​ Apollo-Soyuz (Apollo-Soyuz Test Project) គឺ​ជា​គម្រោង​បង្កើត​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក​ និង​សហភាព​សូវៀត។ ​គម្រោង​នេះ​បង្កើត​នៅ​ឆ្នាំ​១៩៧៥​។

Skylab
ជា​ស្ថានីយ​អវកាស​ដំបូង​បំផុត​ដែល​បាន​បង្ហោះ​ក្នុង​អវកាស។ Skylap ត្រូវ​បាន​គេ​បង្ហោះ​នៅ​ក្នុង​គន្លង​ផែន​ដី​​មាន​ទម្ងន់​៩១​តោន។ នៅ​ក្នុង​ស្ថានីយ​នេះ​មាន​​ប្រព័ន្ធ​​​គ្រប់​គ្រង​មន្ទីរ​ពិសោធន៍​សម្រាប់​ ស្រាវជ្រាវ​ពី​ទំនាញ​ទ្រង់​ទ្រាយ​តូច​ និង​​អង្កេត​គន្លង​ប្រព័ន្ធ​​ព្រះអាទិត្យ។
គម្រោង​ការ​ទៅ​អនាគត
កាល​ពី​ឆ្នាំ​២០០៦​ NASA បាន​ប្រកាស​ផែន​ការ​​បង្កើត​ស្ថានីយ​អវកាស​មួយ​នៅ​ស្ថាន​ព្រះចន្ទ។ គម្រោង​​ការ​នេះ​ត្រូវ​បាន​ ណាសា​បង្ហាញ​ឲ្យ​ដឹង​ថា​ នឹង​ចាប់​ផ្ដើម​កសាង​នៅ​ឆ្នាំ​២០២០។ ​គម្រោង​នេះ​ ជា​គម្រោង​ធំ​បំផុត​ក្នុង​វិស័យ​​អវកាស​ អីចឹង​ហើយ​បាន​ជា​ភ្នាក់​ងារ​ណាសា​ត្រូវ​ការ​សហការ​ជា​មួយ​​​​ប្រទេស​ផ្សេង​ ទៀត៕

No comments:

Post a Comment